ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិប Juventus អាចចូលលេងបានដើម្បីប៉ះជាមួយនឹងក្រុមជម្រើសជាតិអង់ដូរ៉ា ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅចុងសប្តាហ៍នេះ បើទោះបីបានរងរបួសកជើង ក្នុងពេលក្រុមខ្លួនបានបញ្ចប់ក្នុងលទ្ធផលស្មើ ជាមួយនឹងក្រុម Lazio កាលពីចុងសប្តាហ៍មុនក៏ដោយ។
នេះបើយោងទៅតាមការបញ្ជាក់របស់គ្រូបង្វឹកនៃក្រុមជម្រើសជាតិព័រទុយហ្គាល់លោក Fernando Santos កាលពីថ្ងៃអង្គារ។ Ronaldo វ័យ៣៥ឆ្នាំ ដែលបានប្តូរចេញនៅរយៈពេល១៥នាទីចុងក្រោយ ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យនៅទីក្រុងរ៉ូមនោះ ក៏អាចចូលលេងពេលប៉ះជាមួយនឹងក្រុមជម្រើសជាតិបារាំងផងដែរ នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ និងការប្រកួតនៅលើទឹកដីក្រុមជម្រើសជាតិក្រូអាស៊ី នៅថ្ងៃអង្គារ ក្នុងយុទ្ធនាការ Nations League។ លោក Santos បានឲ្យដឹងថា៖ «រូបគេបានហ្វឹកហាត់ជាធម្មតា ជាមួយនឹងមិត្តរួមក្រុមរប់សគេ ហេតុនេះ ប្រសិនបើខ្ញុំសម្រេចចិត្តលើបញ្ហានោះ រូបគេរឹងមាំគ្រប់គ្រាន់ហើយដើម្បីលេង នៅក្នុងការប្រកួត៣លើកបន្ទាប់»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «រូបគេមិនបានតវ៉ាឡើយ។
ខ្ញុំដឹងចាប់តាំងពីថ្ងៃអាទិត្យថា វាមិនមានបញ្ហាឡើយ គ្មានអ្វីដែលអាចបញ្ឈប់រូបគេមិនឲ្យហ្វឹកហាត់ជាធម្មតាបានឡើយ»។ អតីតតារាឆ្នើមរបស់ក្លិប Real Madrid រូបគេបានលេងការប្រកួត៣លើកមកហើយ បើគិតចាប់តាំងពីជាសះស្បើយពីជំងឺកូរ៉ូណា នៅមុនពេលក្រុមម្ចាស់ជើងឯក Nations League ត្រូវជួបក្រុមជើងឯករង Euro ឆ្នាំ២០១៦ បារាំង៕
ប្រភពព័ត៌មាន៖ Channel News Asia
No comments:
Post a Comment