សារព៍ត៌មាន Channel News Asia បានចុះផ្សាយថា៖ ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល នឹងយកទម្រង់លេងយ៉ាងល្អរបស់ខ្លួនទៅកាន់ការប្រកួតជម្រុះ World Cup ឆ្នាំ២០២២ ប្រចាំទ្វីបអាមេរិកខាងត្បូង នៅថ្ងៃអង្គារ (ត្រូវនឹងព្រឹកថ្ងៃពុធ នៅកម្ពុជា) នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ដោយគ្មាន Neymar និងការបារម្ភផ្សេងៗលើទម្រង់លេងរបស់ខ្លួន។
ក្រុមប្រេស៊ីល របស់លោក Tite បានកត់ត្រាជ័យជម្នះទាំងប្រផិតប្រផើយក្នុងលទ្ធផល ១-០ លើក្រុមជម្រើសជាតិវ៉េណេស៊ុយអេឡា កាលពីថ្ងៃសុក្រ តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Roberto Firmino ដើម្បីជួយឲ្យពួកគេដណ្តើមបានជ័យជម្នះ៣លើកពីការប្រកួតទាំង៣លើក ក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសកាតា។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រោយពីបានជួបសុទ្ធសឹងតែក្រុមបាតតារាងមកទល់ពេលនេះ កៅអីលេខ១របស់ពួកគេនៅក្នុងពូលជម្រុះ World Cup ដែលមានក្រុមខ្លាំងចំនួន១០ប្រចាំតំបន់ CONMEBOL នឹងស្ថិតក្រោមការគំរាម នៅពេលដែលពួកគេប្រកួតនៅទីក្រុង Montevideo ជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ដែលទើបតែបានយកឈ្នះលើក្រុមជម្រើសជាតិកូឡុំប៊ី ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃសុក្រ។
ខ្សែប្រយុទ្ធ Edinson Cavani បានបង្ហាញពីទម្រង់លេងយ៉ាងល្អនាពេលថ្មីៗនេះ ប៉ុន្តែ តារាឆ្នើម Luis Suarez របស់ក្លិប Atletico Madrid នឹងអវត្តមានសម្រាប់ក្រុមអ៊ុយរូហ្គាយ ក្រោយពីបានឆ្លងវីរុសកូរ៉ូណា។ លោក Tite បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានតាមអនឡាញកាលពីថ្ងៃចន្ទថា៖ «យើងបានទទួលជ័យជម្នះ៣លើក។ ក្នុងជ័យជម្នះ២លើកដំបូង យើងបានបង្កើតឱកាសជាច្រើន និងបានស៊ុតបាល់បញ្ចូលទីជាច្រើន យើងបានលេងយ៉ាងល្អ និបានទទួលលទ្ធផលល្អ។ ប៉ុន្តែ យើងប្រហែលជាលេមិនបានល្អក្នុងការប្រកួតទី៣ពេលប៉ះ វ៉េណេស៊ុយអេឡា ឡើយ»៕
No comments:
Post a Comment