តារាឆ្នើម Sadio Mane របស់ក្លិប Liverpool បានស៊ុតបាល់បញ្ចូលទី ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ បានទទួលជ័យជម្នះក្នុងលទ្ធផល ១-០ ក្នុងប្រទេសហ្គីណេ កាលពីថ្ងៃអាទិត្យ ដើម្បីក្លាយជាក្រុមជម្រើសជាតិទី២ ដែលបានឈ្នះកៅអីទៅលេងក្នុងយុទ្ធនាការ African Cup of Nations ជុំផ្តាច់ព្រ័ត្រ ឆ្នាំ២០២២ បន្ទាប់ពីក្រុមម្ចាស់ផ្ទះកាមេរូន។
កីឡាករឆ្នើមប្រចាំឆ្នាំរបស់អាហ្វ្រិករូបនេះ បានស៊ុតបាល់បញ្ចូលទី នៅនាទី ទី៨២ នៅពេលដែលប្រកួតជាមួយនឹងក្រុមជម្រើសជាតិហ្គីណេ ដែលត្រូវបានកាត់បន្ថយនៅសល់សមាជិក១០នាក់ ក្រោយពីកីឡាករ Jorge ‘Bura’ Nogueira បានរងពិន័យកាតក្រហម នៅពាក់កណ្តាល់តង់ទី២។ ក្នុងការប្រកួតជម្រុះនេះ Mane បានជួបការចងចាំដ៏ល្អ ខណៈដែលរូបគេរកបានគ្រាប់បាល់ទី១របស់គេ និងបានជួយឲ្យមិត្តរួមក្រុមរកបានគ្រាប់បាល់ទី២ នៅពេលដែលក្រុមជម្រើសជាតិសេណេហ្គាល់ បានផ្តួលក្រុមជម្រើសជាតិហ្គីណេ ២-០ ក្បែរទីក្រុង Dakar កាលពីថ្ងៃពុធ សប្តាហ៍មុន។
ជ័យជម្នះទាំង២ជើងនេះ បានជួយឲ្យក្រុមជម្រើសជាតិសេណេហ្គាល់ ដែលបច្ចុប្បន្នជាក្រុមមានចំណាត់ថ្នាក់លេខ១ប្រចាំទ្វីបអាហ្វ្រិក ដណ្តើមបាន១២ពិន្ទុពេញ ពីការប្រកួត៤លើកក្នុងពូល I ហើយពួកគេបានឈ្នះសិទ្ធិ ខណៈដែលនៅសល់២ប្រកួតទៀត។ សេណេហ្គាល់ នឹងត្រូវបំពេញការប្រកួតរបស់ខ្លួននៅចន្លោះថ្ងៃទី២២ និងថ្ងៃទី៣០ ខែមីនា តាមរយៈការធ្វើដំណើរទៅកាន់ប្រទេសកុងហ្គោ និងធ្វើជាម្ចាស់ផ្ទះក្រុមអ៊ីស្វាទីនី៕
ប្រភពព័ត៌មាន៖ Channel News Asia
No comments:
Post a Comment